
កាលបរិច្ឆេទ: ០៨ មិថុនា ២០២៦ / កសិកម្ម / Author : ATH Sokren
និស្សិតបីក្រុមដែលទទួលបានជ័យលាភីនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត «មគ្គុទេសក៍នៃសហគ្រិនភាពខ្មែរ» ក្នុងក្របខ័ណ្ឌកម្មវិធីសិក្សាស្តីពីការកែច្នៃអាហារនៅសាកលវិទ្យាល័យជាតិបាត់ដំបង បានមកទស្សនាក្រុមហ៊ុនខនហ្វីរេលកាលពីថ្ងៃទី២ ខែមិថុនា។ ក្រុមនិស្សិតទាំងនោះអមដំណើរដោយសាស្រ្តាចារ្យរបស់ពួកគេ និងតំណាងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលជាដៃគូសហការ និងជាអ្នកឧបត្ថម្ភដល់គម្រោងនេះ។
គោលបំណងនៃដំណើរទស្សនកិច្ចអប់រំនេះគឺដើម្បីស្វែងយល់ពីផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេល និងពីឱកាសធ្វើពាណិជ្ជកម្មដែលផ្តល់ជូនដោយទីផ្សារកសិ-ចំណីអាហារកម្ពុជា។ លោកសាន មនោនាយកពាណិជ្ជកម្មនៃក្រុមហ៊ុនខនហ្វីរេល បានរម្លឹកប្រាប់ទៅនិស្សិតថា ការដណ្តើមយកទីផ្សារត្រូវចាប់ពីផ្តើមការផលិតផលិតផលដែលមានគុណភាព ការស្គាល់ឱ្យបានច្បាស់ពីតំបន់លក់ដែលមានសក្តានុពល និងការកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ពីអតិថិជនដែលអាចចាប់អារម្មណ៍លើផលិតផលរបស់ខ្លួន។
និស្សិតទាំងបីក្រុមសិក្សាទៅលើគម្រោងថ្មីចំនួនបី។ ទីមួយគម្រោង «Baby Kakor» ដែលជាសម្លរកកូរខ្មែរដែលមានបន្លែច្រើនមុខក្នុងទម្រង់ជាអាហារស្ងួតដែលត្រូវការឆុងជាមួយទឹកក្តៅ។ ទីពីរគម្រោងកាកាវដែលអាចផលិតជាម្សៅ ជាប៊័រ និងជាប្រេងលាបខ្លួន និងចុងក្រោយគម្រោងភេសជ្ជៈសុខភាពផលិតចេញពីផ្លែពោត។ ប្រធានគម្រោងទាំងនោះបានបញ្ជាក់ពីបំណងប្រាថ្នារបស់ពួកគេក្នុងការលើកតម្លៃវត្ថុធាតុដើមក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កសិករនៅតំបន់ជនបទ៕